កម្ពុជា ដកហូត​ឯកសារ​មិន​ប្រក្រតី ពី​ជនបរទេស​ជាង ៣ ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​

កម្ពុជា ដកហូត​ឯកសារ​មិន​ប្រក្រតី ពី​ជនបរទេស​ជាង ៣ ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ឯកសារ​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុង​ប្រើប្រាស់​នោះ សម្តេច​ក្រឡាហោម បាន​បន្ទោស​ដល់​មន្ត្រីក្រោមឱវាទ​ថា “​នេះ​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​លិខិត​ឯកសារ​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​”​។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ លទ្ធផល​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិសអន្តោប្រវេសន៍ បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ ចំនួន ៣៧.៤៤១ ច្បាប់ ក្នុង​ចំនួន ២០.០៩៣ គ្រួសារ ដោយមាន​មនុស្ស​រួម ៦៨៩.៨៨១ នាក់ មាន ១០​សញ្ជាតិ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។ ឯកសារ​មិន​ប្រក្រតី​ទាំងនោះ រួមមាន​៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ជាដើម​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា បើ​យើង​មិន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំងនេះ​ទេ នោះ​ជនបរទេស​ជិត ៧​ម៉ឺន​នាក់​នេះ នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ ដោយ​ស្វ័យប្រវត្តិ​។ នេះ​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​លិខិត​ឯកសារ​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​។ រីឯ​ជនបរទេស ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងនោះ ក៏​ប្រឈម​នឹង​ការ​ទទួលទោស​តាមច្បាប់​។ ម្យ៉ាងទៀត នៅពេលនេះ បើ​យើង​មិន​ធ្វើ នោះ​យើង​នឹង​ខុស ហើយ​កំហុស​នេះ នៅ​ស្ថិត​ស្ថិរ​និង​ជា​កំហុស​ប្រវត្តិសាស្ត្រ​”​។​

​សម្តេច​ក្រឡាហោម ស ខេង បានប្រកាសថា ប៉ូលិសអន្តោប្រវេសន៍ ក៏បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅ​កម្ពុជា ចំនួន ៦០.៥៦១ ឯកសារ ដោយមាន​មនុស្ស ២៨.៥៧២ គ្រួសារ និង​មាន​សមាជិក​សរុប ៨៨.១១២​នាក់ មាន ១១​សញ្ជាតិ ពោលគឺ​សព្វថ្ងៃនេះ យើង​មាន​ជនបរទេស រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា ជិត ៩​ម៉ឺន​នាក់ ដោយ​បូក​រួមទាំង​ជនបរទេស ដែល​កំពុង​ជាប់ពន្ធនាគារ​ប្រមាណ ២០០​នាក់​ទៀត​៕​ ​ដោយ​៖​jamhotnews